
ពិធីសម្ពោធការជួសជុលសាលារៀនចំនួន ០២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលរួមមានសាលាបឋមសិក្សាទួលស្នោ និងសាលាបឋមសិក្សាត្រពាំងឈូក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។ សមិទ្ធិផលទាំងនេះ ព្រមទាំងអំណោយផ្សេងៗ ដែលផ្តល់ជូនប្អូនៗសិស្សានុសិស្ស គឺបានមកពីការចូលរួមចំណែកបរិច្ចាគរបស់សិស្សានុសិស្ស មាតាបិតា របស់សិស្ស និងបុគ្គលិកនៃសាលាអន្តរជាតិហ្សាម៉ាន់ តាមរយៈវិទ្យាស្ថានសន្ទនាមេគង្គ។
ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន បានកោតសរសើរសាលាអន្តរជាតិហ្សាម៉ាន់ ដែលមានសិស្សឆ្នើម ចូលរួមកម្មវិធីប្រកួតប្រជែងនានា ហើយសម្រេចបានស្នាដៃជាច្រើន ទាំងក្នុងស្រុក និងទាំងលើឆាកអន្តរជាតិ។ លក្ខណៈទាំងនេះ គឺជាអ្វីដែលសិស្សនៅសាលាផ្សេងៗទៀត គួរយកគំរូតាម។ ឯកឧត្តមបណ្ឌិត បានបន្តលើកឡើងថា ធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូចនេះប្អូនៗសិស្សានុសិស្ស គួរខិតខំស្រូបយកចំណេះដឹង ជំនាញ និងបំណិនជីវិត ព្រមទាំងធ្វើខ្លួនឱ្យមានអាកប្បកិរិយាថ្លៃថ្លូរ ដើម្បីក្លាយជាពលរដ្ឋល្អ។
ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន បានបន្តលើកឡើងថា ការជួសជុលសាលានៅជាយរាជធានីភ្នំពេញ បានឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយសារតែប្រជាជនកាន់តែច្រើនឡើង ដែលបានផ្លាស់ទីលំនៅចេញពីក្នុងក្រុង មកនៅតំបន់ជាយក្រុងវិញ។ តាមរយៈការជួយជ្រោជ្រែងពីសិស្សានុសិស្ស មាតាបិតារបស់សិស្ស និងបុគ្គលិកនៃសាលាអន្តរជាតិហ្សាម៉ាន់ វិទ្យាស្ថានសន្ទនាមេគង្គអាចតបណ្តាញទឹកជូនសាលាទាំងពីរដើម្បីប្រើប្រាស់ និងផ្តល់ជូនផងដែរនូវបន្ទប់ទឹកចំនួន០៦ ជួសជុលកែកុនអាគារ ០៣ខ្នង សម្ភារបណ្ណាល័យ ធុងចម្រោះទឹកចំនួន០៦ ធ្នើដាក់សៀវភៅចំនួន១៦ កុំព្យូទ័រចំនួន០២គ្រឿង ម៉ាស៊ីនព្រីនចំនួន ០២ សៀវភៅពុម្ព និងសៀវភៅរឿងព្រេងចំនួន ៤០០ក្បាល ព្រមទាំងសម្ភារសិក្សាសិស្សចំនួន៨០០កញ្ចប់ ដែលកញ្ចប់នីមួយៗមានដូចជាខ្មៅដៃ០២ ប៊ិច០២ ជ័រលុប០១ បន្ទាត់០១ ខ្មៅដៃកូល័រ១ប្រអប់ និងសៀវភៅសរសេរ០២ក្បាល។